Press
ក្រសួងអប់រំ សហការជាមួយក្រុមហ៊ុនផុស្ការ ឌីជីថល ឯ.ក ប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធសាលារៀនឌីជីថល «Wiki School»
ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡា តាមរយៈវិទ្យាស្ថានជាតិអប់រំ បានសហការជាមួយក្រុមហ៊ុនផុស្ការ ឌីជីថល ឯ.ក (Poscar Digital) នៅថ្ងៃទី ៣១ ខែសីហានេះ
ភ្នំពេញៈក្រសួងអប់រំ យុវជន និងកីឡា តាមរយៈវិទ្យាស្ថានជាតិអប់រំ បានសហការជាមួយក្រុមហ៊ុនផុស្ការ ឌីជីថល ឯ.ក (Poscar Digital) នៅថ្ងៃទី ៣១ ខែសីហានេះ ប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធសាលារៀនឌីជីថល «Wiki School» ដើម្បីជួយដល់ការគ្រប់គ្រងសាលា ការរៀន និងការបង្រៀនតាមបែបឌីជីថល។
ការប្រកាសដាក់ឱ្យប្រើប្រាស់ នូវកម្មវិធីគ្រប់គ្រងសាលារៀនឌីជីថល «Wiki School» នេះ ធ្វើឡើងក្រោមអធិបតីភាព លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំ ក្រុមហ៊ុនផុស្ការ ឌីជីថល ឯ.ក រួមនឹងមន្ដ្រីមកពីក្រសួងអប់រំ និងក្រុមការងាររបស់ក្រុមហ៊ុនសរុបប្រមាណ ១៤១ នាក់ទៀត តាមប្រព័ន្ធវីដេអូអនឡាញ។
លោក ហង់ជួន ណារ៉ុន ថ្លែងថា កិច្ចសហការរវាង ក្រុមហ៊ុនផុស្ការ ឌីជីថល ជាមួយក្រសួងអប់រំនេះ គឺមិនមែនជាលើកទីមួយទេ គឺបានសហការគ្នាតាំងពីឆ្នាំ ២០១៨ និងកំពុងបន្តកិច្ចសហការគ្នាក្នុងពេលមានការរីករាលដាលជំងឺកូវីដ ១៩ នេះផងដែរ ក្នុងការដាក់ឱ្យប្រើប្រាស់នូវឯកសារឌីជីថលជាច្រើន ដើម្បីអាចឱ្យសិស្សរៀនតាមប្រព័ន្ធអនឡាញ។
លោករដ្ឋមន្ដ្រីថ្លែងថា៖ «ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងសាលាឌីជីថលនេះ គឺជួយពង្រឹង មិនត្រឹមតែការសិក្សារបស់សិស្សទេ ប៉ុន្ដែក៏ជួយពង្រឹងនូវការគ្រប់គ្រងសាលារៀន ធ្វើឱ្យគ្រឹះស្ថានសិក្សា មានគណនេយ្យភាព ចំពោះសិស្ស និងមាតាបិតា ធ្វើឱ្យគ្រូមានគណនេយ្យភាពចំពោះគណៈគ្រប់គ្រង ក៏ដូជាចំពោះសិស្ស និងមាតាបិតាផងដែរ»។
លោក ងន់ ម័រ សហស្ថាបនិកក្រុមហ៊ុន Poscar Digital បានឱ្យដឹងថា «Wiki School» ត្រូវបានអភិវឌ្ឍដោយក្រុមបច្ចេកទេស សុទ្ធតែជាបញ្ញាវ័ន្តខ្មែរ ដែលមានបទពិសោធជិត ២០ ឆ្នាំក្នុងវិស័យអប់រំ និងផ្នែកបច្ចេកវិទ្យាទំនើប ហើយ គោលបំណងនៃការបង្កើត ប្រព័ន្ធនេះឡើង គឺជួយដល់សាលារៀនឱ្យគ្រប់គ្រងរបាយការណ៍ផ្សេងៗបានឆាប់រហ័យ កាត់បន្ថយការបោះពុម្ពរបាយការណ៍ សេចក្តីជូនដំណឹង ដោយមានជំនួយពី Mobile App Wiki School។
លោកបានឱ្យដឹងថា ក្រុមហ៊ុន ផុស្ការ ឌីជីថល តាមរយៈកិច្ចសហការគ្នានេះ ក្រុមហ៊ុនបានឧបត្ថម្ភការប្រើប្រាស់ និងរៀបចំប្រព័ន្ធគ្រប់គ្រងសាលារៀនឌីជីថល Wiki School Standard Edition (Annex 1) រយៈពេល ៧ ឆ្នាំ និងម៉ាស៊ីនវត្តមានឌីជីថល ចំនួន ៤ គ្រឿង ដល់វិទ្យាស្ថានជាតិអប់រំ ដោយមិនគិតថ្លៃ។
ការផ្ដល់ឧបត្ថម្ភនេះ ក្នុងគោលបំណងលើកកម្ពស់ អភិបាលកិច្ច និងការគ្រប់គ្រងតាមប្រព័ន្ធអេឡិចត្រូនិកក្នុងវិទ្យាស្ថានជាតិអប់រំជាពិសេស គឺការរួមចំណែកក្នុងការលើកកម្ពស់សេដ្ឋកិច្ច និងសង្គមឌីជីថល៕
Originally published in Post Khmer .
More press coverage
អ្នកផ្តល់ដំណោះស្រាយឌីជីថលជាច្រើននឹងចូលរួមដាក់តាំងសេវា/ផលិតផលឌីជីថលរបស់ខ្លួនដើម្បីឱ្យលោកអ្នកសាកល្បងប្រើប្រាស់!
ពិធីបើកដំណើរការទទួលពាក្យប្រឡងចូលរៀនថ្នាក់ជាតិ សម្រាប់ការបណ្តុះបណ្តាលក្នុងវិស័យសុខាភិបាលតាមប្រព័ន្ធអនឡាញ